ឥទ្ធិពលការសម្រាលដោយវះកាត់លើប្រព័ន្ធភាពស៊ាំទារក
ក្រោយចាប់កំណើត សុខភាពទារកល្អឬអត់ គឺរាប់គិតចាប់តាំងពីថ្ងៃសម្រាលម៉្លេះ ព្រោះជាទុន ជាគ្រឹះដ៏សំខាន់រហូតកូនធំ។ របាយការណ៍ពីការស្រាវជ្រាវនានាបញ្ជាក់ថាកត្តាហ្សែនពីឪពុកម្ដាយទៅកូន ជាផ្នែកដ៏សំខាន់ក្នុងការកំណត់ស្ថានភាពសុខភាពកូន។ ជាក់ស្ដែងបើម៉ាក់ប៉ាមានជំងឺអាល្លែកហ្ស៊ី កូនកើតមកអាចមានបញ្ហានេះដូចគ្នាចន្លោះពី ២០% - ៤០% តាមរយៈហ្សែនចម្លងទៅកូន។ ឯកត្តាបរិស្ថានជុំវិញការផ្ដល់ផលមិនល្អដល់កូនមានដូចជា ការសម្រាលដោយវះកាត់ វិធីនេះអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទារក ក្នុងរង្វង់ ៣០%។ សូម្បីតែការប្រើប្រាស់ថ្នាំផ្សះ ក៏ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំកូនដូចគ្នា។
ថ្ងៃដែលកូនចេញពីផ្ទៃម្ដាយ ជាថ្ងៃសំខាន់បំផុតដែលកំណត់ពីស្ថានភាពកូនថាល្អ ឬអត់។
ការសម្រាលដោយវះកាត់ ជះផលអវិជ្ជមាន និងផលប៉ះពាល់ដល់ទារកដែលចាប់កំណើតតាមមធ្យោបាយទំនើបនេះ ហើយផលរំខាននឹងបន្តរហូតដល់កូនធំ។ ហេតុអ្វី? ព្រោះសម្រាលដោយវះកាត់ធ្វើឲ្យសរីរាង្គតូចៗគ្រប់ផ្នែកទាំងអស់នៃរាងកាយទារកមិនបានឆ្លងកាត់តាមដំណាក់់ មិនបានប៉ះផ្ទាល់ជាមួយបរិយាកាសខាងក្រៅ មិនទទួលបានProbiotics (បាក់តេរីល្អ) ដូចការសម្រាលដោយធម្មជាតិ រាប់ចាប់តាំងពីរាងកាយទារករំកិលពីមាត់ស្បូន រហូតចេញមកក្រៅផ្ទៃម្ដាយតាមទ្វារមាស។ Probiotics (បាក់តេរីល្អ) ជាចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ប្រព័ន្ធភាពស៊ាំទារករហូតធំដឹងក្ដី។ អ៊ីចឹងហើយបានជាការសម្រាលដោយវះកាត់បាត់បង់ ឬមិនបានទទួលProbiotics (បាក់តេរីល្អ) ពីម៉ាក់ដែលសម្រាលដោយធម្មជាតិ។ ការសិក្សាលើកុមារចំនួន ១,៩លាននាក់បានបង្ហាញលទ្ធផលថា ទារកដែលម៉ាក់សម្រាលដោយវះកាត់ សុទ្ធតែប្រឈមនឹងហានិភ័យសុខភាពខ្ពស់ខុសៗគ្នា បើធៀបនឹងការសម្រាលតាមបែបធម្មជាតិ។
ទឹកដោះម្ដាយជាសារធាតុដ៏ល្អបំផុតសម្រាប់កូន ព្រោះវាមាន Synbiotics ដែលជាការសំយោគបញ្ចូលគ្នារវាង Probiotics (បាក់តេរីល្អ) និង Prebiotics (ចំណីសម្រាប់បាក់តេរីល្អ)។
Prebiotics ជាចំណីសម្រាប់បាក់តេរីល្អ វានឹងជួយបាក់តេរីល្អឲ្យលូតលាស់ល្អដូចគ្នា។ ហើយនៅពេលដែលProbiotics (បាក់តេរីល្អ) និង Prebiotics (ចំណីសម្រាប់បាក់តេរីល្អ) បូកបញ្ចូលគ្នាយើងហៅថា Synbiotic។ មុខងាររបស់ Synbiotic នឹងរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធភាពស៊ាំក្នុងក្រពះពោះវៀនកូន កាត់បន្ថយអតិសុខុមប្រាណបង្កជំងឺនានា ការពារជំងឺឆ្លង និងអភិវឌ្ឍន៍ប្រព័ន្ធការពាររាងកាយទារកទាំងមូល។ បើកូនតូចទទួលបានសារធាតុចិញ្ចឹម Synbiotic គ្រប់គ្រាន់ មានន័យថាទោះម៉ាក់សម្រាលដោយការវះកាត់ ក៏គេនៅតែមានសុខភាពល្អ និងប្រព័ន្ធភាពស៊ាំរឹងមាំដូចកូនដែលសម្រាលដោយធម្មជាតិដូចគ្នា។ ទឹកដោះម្ដាយដើរតួសំខាន់បំផុត ប្រៀបដូចជាថ្នាំបង្ការ ឬជាវ៉ាក់សាំងការពារប្រព័ន្ធការពាររាងកាយទារកដើម្បីអភវិឌ្ឍប្រព័ន្ធភាពស៊ាំឲ្យល្អប្រក្រតីដូចក្មេងដែលម៉ាក់សម្រាលដោយធម្មជាតិ។ សុខភាពប្រព័ន្ធភាពស៊ាំចាំបាច់ណាស់ក្នុងការលូតលាស់ប្រកបដោយសុខភាពល្អ របស់ទារក ចៀសវាងការបង្កជាជំងឺ បង្អាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។ ដូច្នេះម៉ាក់គួរបំបៅដោះកូនយ៉ាងហោចឲ្យបាន ៦ខែ ឬបន្តបំបៅយូរតាមដែលអាចធ្វើបាន។ ចំណុចសំខាន់មួយទៀតករណីដែលម៉ាក់មានជម្រើសមិនចង់បំបោះដោះកូនទេ ឬដោយសារលក្ខខណ្ឌសុខភាពមិនអំណោយផល ម៉ាក់គួរប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញស្វែងរកមធ្យោបាយល្អបំផុតក្នុងការបំពេញបំប៉នបន្ថែមឲ្យបានគ្រប់គ្រាន់លើ អាហារូបត្ថម្ភនិងសារធាតុចិញ្ចឹមឲ្យកូន។