អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គន្លឹះសំខាន់ៗក្នុងការថែទាំកូននៅប៉ុន្មានសប្ដាហ៍ដំបូង ក្រោយសម្រាលដោយវះកាត់
គន្លឹះសំខាន់ៗក្នុងការថែទាំកូននៅប៉ុន្មានសប្ដាហ៍ដំបូង ក្រោយសម្រាលដោយវះកាត់
បន្ទាប់ពីសម្រាលកូនដោយវះកាត់ ជាធម្មតាម៉ាក់ៗនឹងជួបបញ្ហាឈឺមុខរបួស និងអាចមានហូរឈាមតិចៗផង។ ដូចនេះហើយម៉ាក់ៗត្រូវការពេលវេលាមួយរយៈដើម្បីថែទាំខ្លួនឲ្យមុខរបួសឆាប់ជាសះស្បើយ។ ទន្ទឹមនឹងការរក្សាខ្លួនឲ្យរបួសឆាប់ជានៅប៉ុន្មានសប្ដាហ៍ដំបូង ម៉ាក់ៗ ក៏ត្រូវយកចិត្តទុកដាក់ថែទាំកូនទើបសម្រាលផងដែរ។ ហេតុនេះហើយម៉ាក់ៗគួរស្វែងយល់ចំណុចទាំងនេះដើម្បីថែខ្លួនផង និងថែកូនឲ្យបានល្អផង។
១. គន្លឹះថែទាំខ្លួនក្រោយសម្រាលដោយវះកាត់
រឿងដំបូងដែលម៉ាក់ៗគួរធ្វើគឺប្រយ័ត្នរឿងការធ្វើចលនាក្នុងរយៈពេលក្រោយសម្រាលនេះតែម្ដង។ ម៉ាក់ៗត្រូវចាំថាការថែទាំខ្លួនក្រោយសម្រាល គឺមានសារៈសំខាន់ដូចការថែទាំកូនទើបសម្រាលដូចគ្នាដែរ។ ដូចនេះដើម្បីឲ្យឆាប់ជាសះស្បើយម៉ាក់ៗមិនត្រូវលើករបស់ដែលមានទម្ងន់ស្មើនឹងទម្ងន់កូនទេ ហើយក៏មិនត្រូវឡើងជណ្ដើរញឹកញាប់ពេកដែរ។ មួយវិញទៀត ការរួមភេទអាចធ្វើទៅបានដរាបណា គ្រូពេទ្យប្រាប់ថាមានសុវត្ថិភាព។ ក្រៅពីនេះ ម៉ាក់ៗត្រូវសម្រាកឲ្យបានច្រើន និងចំណាយពេលលេងជាមួយកូន ដើម្បីបង្កើតទំនាក់ទំនងល្អរវាងម្ដាយនិងកូន។ បន្ថែមពីនេះម៉ាក់ៗអាចដើរតិចៗរាល់ថ្ងៃដើម្បីកាត់បន្ថយហានិភ័យមានបញ្ហាកំណកឈាម និងទល់លាមក។ ក្រៅពីសកម្មភាពរាងកាយ របបអាហារមានសារជាតិចិញ្ចឹមល្អ និងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក៏មានសារសំខាន់ផងដែរ។
សម្រាប់មុខរបួសវិញម៉ាក់ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូចជាត្រូវរក្សាមុខរបួសឲ្យបានស្ងួត និងស្អាតជានិច្ច ប្រើទឹកក្ដៅឧណ្ហៗជូតសម្អាតត្រង់មុខ និងត្រូវផ្ដិតឲ្យស្ងួតពេលសម្អាតរួច។
២. ការបំបៅដោះ និងការផ្ដល់ភាពកក់ក្ដៅដល់ទារក
ការបំបៅដោះ
ក្រោយសម្រាលភ្លាមៗម៉ាក់ៗគួរចាប់ផ្ដើមឲ្យកូនបៅតាមដែលអាចធ្វើទៅបាន។ ទឹកដោះម្ដាយជាអាហារដែលកូនទើបកើតត្រូវការដើម្បីកសាងប្រព័ន្ធការពាររាងកាយ ការលូតលាស់ និងការអភិវឌ្ឍផ្សេងៗទៀតនៃរាងកាយ។ ការសិក្សារកឃើញថាកូនសម្រាលដោយវះកាត់កាន់តែត្រូវការទឹកដោះម្ដាយ ព្រោះថាទឹកដោះម្ដាយមានប្រូតេអុីនសំខាន់ៗជួយដល់ដំណើរការ
ប្រព័ន្ធភាពស៊ាំ។ ក្រៅពីនេះទឹកដោះម្ដាយក៏មានបាក់តេរីល្អដែលជួយដល់ប្រព័ន្ធភាពស៊ាំកូនឲ្យឆាប់រឹងមាំដែរ។ ជាការណែនាំការបំបៅដោះត្រូវធ្វើឡើងតែមួយមុខគត់ក្នុងរយៈពេលប្រាំមួយខែ និងអាចបន្តបំបៅរហូតកូនមានអាយុពីរឆ្នាំ ឬលើសនេះបើអាចធ្វើបាន។ ពេលកូនឈានដល់វ័យប្រាំមួយខែ ម៉ាក់ៗអាចបន្ថែមអាហារក្រៅ ដូចជាបបរខាប់គ្រប់គ្រឿងឲ្យកូនញ៉ាំបន្ថែមលើការបំបៅដោះ។
ផ្ដល់ភាពកក់ក្ដៅឲ្យកូន
ថ្វីបើកូនទើបកើតក៏ពិតមែន ការផ្ដល់ភាពកក់ក្ដៅពីម្ដាយគឺជាការសំខាន់។ ម៉ាក់ៗគួរចំណាយពេលច្រើនបង្កើតទំនាក់ទំនងជាមួយកូន។ ការបំបៅដោះ ដោយការឱបកូនជាប់នឹងទ្រូង គឺជាទំនាក់ទំនង ផ្នែកភាសាដំបូងដែលកូនបានរៀនសូត្រ តាមរយៈការប៉ះស្បែកនិងស្បែក។ ដូចគ្នាដែរ ការបីកូន ឬការឱបកូន ដែលបង្កើតឱកាសឲ្យស្បែករបស់កូនបានប៉ះជាមួយស្បែកម៉ាក់ៗ ឬប៉ាៗ ក៏ជាផ្នែកមួយជួយកូនឲ្យមានភាពរីករាយ និងជំរុញដល់ការលូតលាស់របស់កូន។
នៅពេលកូនមានវ័យកាន់តែធំ ការនិយាយលេងជាមួយកូន ឬការសម្លឹងភ្នែកកូន គឺជាវិធីជួយបង្កើតទំនាក់ទំនងល្អរវាងប៉ាម៉ាក់ និងកូន បើទោះបីជាកូនមិនទាន់ចេះនិយាយក្ដី៕
Sources:
Bonding With Your Baby,
https://kidshealth.org/en/parents/bonding.html
What to Know About Babies Born by C-section,
The Do's and Don'ts of Healing from a C-Section,
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។