វីរុសកូរ៉ូណា (កូវីដ 19)៖ វិធីដែលអ្នកអាចការពារខ្លួនអ្នក និងកូនតូចរបស់អ្នក

នេះជាពេលវេលាដ៏តានតឹងមួយសម្រាប់ប៉ាម៉ាក់ដែលមានកូនតូចៗ អនាគតលោកប៉ា និងព្រមទាំងស្រ្តីពពោះ។ ដូច្នេះហើយទើបកូនឆ្លាតក្លឹប នឹងធ្វើការចែករំលែកអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីវិធីអាចការពារអ្នក និងកូនតូចរបស់អ្នក ព្រោះអ្នកគឺជាប្រភពទំនាក់ទំនងដំបូងរបស់កូនអ្នកជាមួយពិភពខាងក្រៅ។ ដោយអនុវត្តតាមវិធីសាស្រ្ត និងច្បាប់សាមញ្ញខាងក្រោម អ្នកអាចកាត់បន្ថយហានិភ័យនៃឆ្លងរាលដាលវីរុសកូរ៉ូណា។

យើងក៏មានចម្លើយពីអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) ចំពោះសំណួរដែលបានសួរជាញឹកញាប់បំផុតអំពីការមានគភ៌ ការបំបៅកូនដោយទឹកដោះ និងការបំបៅកូនដោយទឹកដោះគោ ដើម្បីជួយណែនាំអ្នក និងកូនរបស់អ្នក ជាពិសេសក្នុងអំឡុងពេលដែលមានភាពតានតឹងនេះ។

 

វិធី 7 យ៉ាងដែលអ្នកអាចការពារកូនតូចរបស់អ្នកបាន

1. លាងសម្អាតដៃជាប្រចាំ

វីរុសកូរ៉ូណាត្រូវបានឆ្លងតាមរយៈទំនាក់ទំនងរបស់មនុស្ស។ ដូច្នេះការលាងសម្អាតដៃរបស់អ្នកគឺជាវិធីដ៏ល្អបំផុតដើម្បីការពារវីរុសនេះ។ ដូច្នេះសូមលាងសម្អាតដៃរបស់អ្នកមុនពេលប៉ះពាល់កូនតូចរបស់អ្នក ហើយសម្រាប់នរណាម្នាក់ដែលចង់ប៉ះកូនរបស់អ្នក ក៏ត្រូវចំាបាច់ឲ្យពួកគេលាងដៃដែរ។

កូនតូចរបស់យើងមិនទាន់អាចលាងដៃដោយខ្លួនឯងបានទេ។ អញ្ចឹងហើយ នៅពេលលេង ឬពេលញ៉ាំអាហារ គឺត្រូវលាងសម្អាតដៃជាប្រចាំជាមួយគ្នា ដោយប្រើទឹកអាកុលលាងដៃ ឬ សាប៊ូ​ និងទឹកស្អាត។

ហេតុអ្វី? ព្រោះនេះនឹងអាចសម្លាប់មេរោគណាមួយដែលមាននៅលើដៃរបស់យើង ហើយបញ្ឈប់ភ្លាមពីការឆ្លងមេរោគទៅអ្នក និងកូនរបស់អ្នក។

យោងតាមគោលការណ៍ណែនាំពីការលាងសម្អាតដៃរបស់ក្រសួងសុខាភិបាល​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ប្រទេសកម្ពុជាhttp://www.cdcmoh.gov.kh/ គឺ៖ 

លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុលលាងដៃ

បន្ទាប់ពីក្អក ឬកណ្តាស់ នៅពេលថែទាំអ្នកជំងឺ មុនពេលបរិភោគ ក្រោយបន្ទោរបង់ មុនពេល អំឡុងពេល និងបន្ទាប់រៀបចំអាហារ នៅពេលឃើញដៃកខ្វក់ និងបន្ទាប់ពីប៉ះពាល់សត្វ ឬលាមកសត្វ។

 

2. កំណត់ការទំនាក់ទំនង

កូនតូចរបស់យើងស្អាតគួរឲ្យក្នាញ់ ហើយតែងជាទីចំណាប់អារម្មណ៍របស់អ្នកផងទាំងពួង។ ដូច្នេះក្នុងនាមជាឪពុកម្តាយរបស់ពួកគេ វាជាទំនួលខុសត្រូវរបស់អ្នកនៃទំនាក់ទំនងរវាងកូនតូចអ្នក និងអ្នកដទៃ។ ជាទូទៅការបញ្ឈប់មិនឲ្យមានការលើកបី និងអោបពួកគេមើលទៅហាក់ដូចជាអាក្រក់នៅពេលដំបូង។ ប៉ុន្តែវាជួយបញ្ឈប់ការរីករាលដាលនៃមេរោគ។

ក៏ដូចជាជៀសវាងនៅជិតគ្នា ដោយរក្សាចម្ងាយសុវត្ថិភាពយ៉ាងហោចណាស់ 2 ម៉ែត្រ (6 ហ្វីត) ចន្លោះខ្លួនអ្នក និងអ្នកដែលឈឺ និងក្អក ឬកណ្តាស់។ 

ហេតុអ្វី? ដោយសារតែនៅពេលអ្នកណាម្នាក់ក្អក ឬកណ្តាស់ ពួកគេអាចសាយភាយដំណក់ទឹកតូចៗចេញពីច្រមុះ ឬមាត់របស់ពួកគេដែលអាចផ្ទុកវីរុស។ ប្រសិនបើអ្នក ឬកូនរបស់អ្នកនៅក្បែរ អ្នកអាចស្រូបយកដំណក់ទឹក រួមទាំងវីរុសកូវីដ 19 ចូលបាន។

3. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ និងមាត់

យើងតែងប៉ះពាល់ផ្ទៃមុខជាច្រើនក្នុងមួយថ្ងៃ។ យើងក៏ចង់ប៉ះកូនតូចរបស់យើងដែរ ហើយកូនយើងក៏ចូលចិត្តប៉ះអង្អែលលើផ្ទៃមុខរបស់ពួកគាត់វិញដែរ។ ដូច្នេះសម្រាប់អ្នកណាម្នាក់ដែលចង់បីកូនតូចរបស់អ្នក (ហើយរួមទាំងខ្លួនអ្នកផងនោះ) ត្រូវប្រាកដថាត្រូវលាងសម្អាតដៃបានស្អាតល្អ។

ហេតុអ្វី? ព្រោះផ្ទៃទាំងនេះអាចត្រូវបានចម្លងដោយវីរុសកូរ៉ូណា(កូវីត-19) ហើយនៅពេលដែលវីរុសនោះបានមកដល់ដៃ វាអាចឆ្លងចូលទៅក្នុងខ្លួនបានយ៉ាងងាយតាមរយៈមាត់ ច្រមុះ ឬភ្នែក នៅពេលយើងប៉ះផ្ទៃមុខរបស់យើង។

យើងមិនអាចបញ្ឈប់ការប៉ះពាល់លើផ្ទៃផ្សេងៗ ឬការចង់ចេះចង់ដឹងរបស់កូនយើងបានទេ។ ប៉ុន្តែយើងអាចបញ្ឈប់ការឆ្លងវីរុសចូលទៅក្នុងខ្លួនដោយមិនប៉ះផ្ទៃមុខយើង ឬកូនតូចរបស់យើង។

 

4. អនុវត្តអនាម័យផ្លូវដង្ហើមឲ្យបានល្អ 

ប្រាកដថាអ្នក និងមនុស្សដែលនៅជុំវិញកូនតូចអ្នក អនុវត្តអនាម័យផ្លូវដង្ហើមបានល្អ។ នេះមានន័យថា ខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាសពេលក្អក ឬកណ្តាស់។ បន្ទាប់មក បោះចោលក្រដាសដែលបានប្រើរួចនោះភ្លាម។

ហេតុអ្វី? ព្រោះថាដំណក់ទឹកតូចៗនោះអាចសាយភាយវីរុស។ តាមរយៈការធ្វើអនាម័យផ្លូវដង្ហើមបានល្អ អ្នកអាចការពារកូនតូច និងមនុស្សនៅជុំវិញអ្នក ពីវីរុសបានដូចជាផ្តាសាយ គ្រុនក្តៅ និងជំងឺកូវីដ 19 ។

ជាធម្មតា អ្នកអាចនៅផ្ទះប្រសិនបើអ្នកឈឺ។ ប្រសិនបើអ្នកមានរោគសញ្ញាដំបូងនៃជំងឺគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់ជាមុន។សម្រាប់ព័ត៌មានបន្ថែម សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលប្រចាំមូលដ្ឋានរបស់អ្នក។

 

5. មានអារម្មណ៍ថាឈឺ? ស្វែងរកការព្យាបាលឲ្យបានទាន់ពេល

ជាធម្មតា អ្នកអាចនៅផ្ទះប្រសិនបើអ្នកឈឺ។ ប្រសិនបើអ្នកមានរោគសញ្ញាដំបូងនៃជំងឺគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់ជាមុន។ សម្រាប់ព័ត៌មានបន្ថែមគឺ ការណែនាំរបស់ក្រសួងសុខាភិបាល និយមន័យករណីសង្ស័យរបស់ជំងឺកូវីដ-១៩ គឺ៖

ទី១៖ បុគ្គលដែលមានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចតទៅ៖ គ្រុនក្តៅយ៉ាងតិច ៣៨ អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម។

និង

-មានប្រវត្តិធ្វើដំណើរមកពី ឬស្នាក់នៅក្នុងប្រទេសផ្សេងទៀត ក្រៅពីប្រទេសកម្ពុជា

បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ បញ្ជាក់ពីមន្ទីរពិសោធន៍ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា។

ទី២៖ អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្តៅ និងមានសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ៖ ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងមូលហេតុច្បាស់លាស់ និងតម្រូវឲ្យសម្រាកពេទ្យ។

ហេតុអ្វី? ដោយសារអាជ្ញាធរជាតិ និងក្រសួងសុខាភិបាលកម្ពុជានឹងមានព័ត៌មានថ្មីៗបំផុតអំពីស្ថានភាពនៅក្នុងតំបន់របស់អ្នក។ ការប្រាប់ពីដំណឹងនេះ អាចឲ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ណែនាំអ្នកទៅកាន់សេវាសុខភាពបានត្រឹមត្រូវ។ នេះនឹងអាចការពារអ្នក និងជួយការពារការរីករាលដាលនៃមេរោគ និងការឆ្លងជំងឺផ្សេងៗ

ផងដែរ។

6. អនុវត្តការរៀបចំអាហារឲ្យមានអនាម័យ និងសុវត្ថិភាព

ប្រើបន្ទះក្តារហាន់ដាច់ដោយឡែកសម្រាប់អាហារឆៅ និងឆ្អិន។ ហើយក៏លាងសម្អាតដៃរបស់អ្នកនៅពេលចាប់កាន់អាហារឆៅ និងឆ្អិន។

អ្នកមិនចាំបាច់ចៀសវាងការបរិភោគសាច់ទេ។ គ្រាន់តែមានភាពឆ្លាតវៃ និងប្រាកដថាសាច់ទាំងនោះត្រូវបានចម្អិនឆ្អិនល្អ និងការចាប់កាន់បានត្រឹមត្រូវនៅអំឡុងពេលរៀបចំ។

ហេតុអ្វី? ដោយសារតែក្នុងនាមជាឪពុកម្តាយ យើងចម្អិនម្ហូបសម្រាប់ខ្លួនយើង គ្រួសារយើង និងកូនតូចយើង ហើយវីរុសកូរ៉ូណាអាចឆ្លងតាមការបរិភោគ។ ដូច្នេះវាកាន់តែមានសារៈសំខាន់សម្រាប់អ្នកដែលកំពុងរៀបចំអាហារ ដោយអនុវត្តគោលការណ៍សុវត្ថិភាពនៅពេលចម្អិនអាហារ។ 

 

 7. ទទួលព័ត៌មាន និងអនុវត្តតាមការណែនាំ

ដោយសារតែកូនតូចរបស់អ្នកមិនអាចអានព័ត៌មានបាន ពិតជាសំខាន់ណាស់ដែលអ្នកត្រូវដឹងពីព័ត៌មានថ្មីៗពីការឆ្លងជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជា។សម្រាប់ពត៌មា​នទាក់ទងនឹងជំងឺ​ កូវិត​-19​ សារធាណៈជនទាំងអស់អាចទាក់ទងតាមលេខទូរស័ព្ទ ១១៥ ជាមួយមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល។ 

សូមស្វែងរកព៌តមានពិត។ ប្រមូលព័ត៌មានដែលអាចនឹងជួយអ្នកធ្វើការសម្រេចចិត្តទៅលើហានិភ័យដោយភាពត្រឹមត្រូវ ដូច្នេះអ្នកអាចមានការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ។ សូមស្វែងរកប្រភពព័ត៌មានដែលអាចទុកចិត្ត ដូចជាគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង http://www.cdcmoh.gov.kh/ ឬ ហ្វេសប៊ុកឈ្មោះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬហ្វេសប៊ុកឈ្មោះ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬគេហទំព័ររបស់អង្គការសុខភាពពិភពលោកដូចខាងក្រោម៖

https://www.facebook.com/MinistryofHealthofCambodia/

https://www.facebook.com/cdcmohcam/

https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public

ព័ត៌មាននេះមិនមែនជំនួសឲ្យការណែនាំរបស់គ្រូពេទ្យឡើយ ។ សូមស្វែងរកការណែនាំពីអ្នកជំនាញថែទាំសុខភាពឬគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ប្រសិនបើអ្នកមានចម្ងល់ ឬការបារម្ភណាមួយ។

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x