អាហារសម្រាប់កូនក្នុងឆ្នាំដំបូង
អាហារដែលអ្នកម្ដាយបានផ្តល់ឲ្យកូនអំឡុងឆ្នាំដំបូងក្រោយសម្រាល គឺមានសារៈសំខាន់បំផុតទៅលើសុខភាពនាថ្ងៃអនាគត។
តើអ្នកអាចដឹងបានយ៉ាងដូចម្តេច ថាកូនយើងអាចទទួលបានជាតិទឹកគ្រប់គ្រាន់រៀងរាល់ថ្ងៃ?
ការបន្ថែមជាតិទឹកឲ្យកូន មិនទាមទារឲ្យអ្នកត្រូវតែធ្វើនោះទេ បើទោះជាពេលយើងបានបញ្ចុកអាហារដល់កូនក៏ដោយ។ ការបំពេញបន្ថែមជាតិទឹកឲ្យកូន ចាំបាច់ត្រូវធ្វើលុះត្រាកូនស្ថិតក្នុងស្ថានភាពណាមួយ ដូចជាក្តៅខ្លួន ក្អួត ឬរាកប៉ុណ្ណោះ។
ខាងក្រោមនេះ មានគន្លឺខ្លះៗជួយអ្នកម្ដាយគ្រប់រូបរៀបចំរបបអាហារល្អៗ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នៅអំឡុងឆ្នាំដំបូងក្រោយសម្រាល៖
១- ចាប់ផ្តើមផ្តល់អាហារបន្ថែមឲ្យកូន
ទោះជាកូនពេលនេះ កំពុងឈានដល់ដំណាក់កាលរៀនញ៉ាំអាហារដោយប្រើស្លាបព្រា និងប្រើកែវញ៉ាំទឹក
ទោះជាយ៉ាងណាក៏ដោយការត្រៀមខ្លួនក្នុងការទទួលទានអាហាររឹង គឺអាស្រ័យទៅលើការអភិវឌ្ឍន៍រាងកាយរបស់កុមារម្នាក់ៗប៉ុណ្ណោះ។ អាហារបន្ថែមក្រៅពីទឹកដោះសម្រាប់កូនៗ មិនគួរផ្តល់ឲ្យកូនមុនអាយុ ៦ខែឡើយ។ អំឡុងពេលកូនឈានដល់វ័យ ៦ខែ អ្នកត្រូវចេះសម្គាល់ថា បើកូនចាប់ផ្តើមបៀមម្រាមដៃច្រើនជាងមុន និងចាប់អារម្មណ៍លើអ្វីដែលអ្នកកំពុងញ៉ាំខ្លាំងជាងមុន នេះជាសញ្ញាបង្ហាញថា អ្នកអាចចាប់ផ្តើមឲ្យអាហារបន្ថែមទៅកូនៗបានហើយ។ យ៉ាងណា មិនត្រូវឈប់ឲ្យកូនបៅដោះ ឬទឹកដោះគោឡើយ បើទោះជាអ្នកចាប់ផ្តើមឲ្យអាហារបន្ថែមក្តី។
២- ផ្តល់សារធាតុរាវបន្ថែម ក្រោយពេលកូនចេះញ៉ាំអាហារបន្ថែមប៉ុណ្ណោះ
ត្រូវចាំថា កូនយើងត្រូវការជាតិទឹកបន្ថែម លុះត្រាតែចាប់ផ្តើមញ៉ាំរបបអាហារ ៣ ពេលក្នុងមួយថ្ងៃ ខណៈពេលដែលទឹកផ្លែឈើ គឺមិនល្អសម្រាប់កុមារអំឡុងពេលនេះឡើយ ហើយសារធាតុរាវល្អបំផុត គឺទឹកសុទ្ធ។ អំឡុងពេលនេះ អាចចាប់ផ្តើមរៀនញ៉ាំទឹកដោយប្រើកែវជ័រ ឬពែងបានហើយ។ បើទោះជាដំបូង វាអាចពិបាកបង្រៀនបន្តិចក្តី ប៉ុន្តែអ្នកត្រូវចាំថា ការអត់ធ្មត់ជាកូនសោរគន្លឹះឆ្ពោះទៅរកជោគជ័យ។
៣- អាយុ ១០ខែ ជាពេលកូនតូចគួរចាប់ផ្តើមចូលរួមញ៉ាំអាហារជាមួយគ្រួសារបាន
កូនអ្នក អាចចួលរួមញ៉ាំអាហារជាមួយក្រុមគ្រួសារបាន នៅពេលគេឈានដល់វ័យចន្លោះពី ១០-១៤ ខែ។ អំឡុងពេលនេះ អាហារ ៣ ពេលប្រចាំថ្ងៃរបស់កូនអ្នក គួរប្តូរទៅជាអាហារធម្មតា ដូចសមាជិកគ្រួសារដទៃទៀតបាន ប៉ុន្តែអ្នកត្រូវចាំថា មិនមែនកូនៗតូចទាំងអស់ សុទ្ធតែអាចទទួលយកអាហាររឹងនៅពេលដូចគ្នានោះទេ។ ការផ្លាស់ប្តូរពីកាញ៉ាំបបរ ទៅរបបអាហារធម្មតាសម្រាប់ពួកគេ ក៏មិនមែនជារឿងងាយស្រួលដែរ ហេតុនេះអ្នកគួរអត់ធ្មត់ និងព្យាយាមបន្តិចម្តងៗ ហើយនំបុ័ង ផ្លែឈើ បន្លែ ត្រី សាច់ ស៊ុត សុទ្ធតែជាអាហារសក្តិសមសម្រាប់កូនអំឡុងពេលនេះ។
ការរំលាយអាហារ គឺសំខាន់ណាស់សម្រាប់កូនតូច ហើយអាការៈចុកពោះ អាចកើតមានដោយសារក្រពះពោះវៀនពួកគេ នៅមិនទាន់មានសមត្ថភាពរំលាយអាហាររឹងបានល្អ ដែលអាចបង្កឲ្យមានការហើមពោះទៀតផង។ ករណីនេះ អាចកើតឡើងដូចគ្នា នៅពេលកូនលេបខ្យល់ច្រើនពេកអំឡុងពេលញ៉ាំទឹក ហើយដើម្បីបញ្ចៀសបញ្ហានេះ អ្នកអាចឲ្យកូនៗញ៉ាំទឹកនៅកន្លែងណាមានបរិយាកាសស្ងប់ខ្យល់បាន។ បើមានអាការៈហើមពោះ ម៉ាក់អាចប្រើខ្នើយកម្តៅស្អំលើពោះ ឬម៉ាស្សាពោះតិចៗ(ពីឆ្វេងទៅស្តាំ) ដោយប្រើប្រេងខ្យល់លាបពីលើដើម្បីឲ្យមានកម្តៅក៏បាន។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕
ប្រធានបទពាក់ព័ន្ធ
អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប
គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។
ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។