ពេលពពោះជាដំណាក់កាលសំខាន់ណាស់ តើអ្នកគួរដោះស្រាយរឿងការងារយ៉ាងម៉េចទើបល្អ?
 

១- ញ៉ាំឲ្យឆ្ងាញ់ និងធ្វើការងារដោយសប្បាយចិត្តរាល់ថ្ងៃ
អាការៈចង្អោរ អស់កម្លាំង និងឃ្លានមិនចេះចប់ នៅកន្លែងធ្វើការ អំឡុងពេលពពោះ ជារឿងធម្មតាទេសម្រាប់អ្នកម្តាយមានផ្ទៃពោះ ហើយជារឿយៗអាការៈបែបនេះកើតឡើងរយៈពេលយូរផងដែរ។ អ្នកត្រូវចងចាំថាធ្វើយ៉ាងណា ថែរក្សាសុខភាពផ្ទាល់ខ្លួន និងគភ៌ក្នុងផ្ទៃឲ្យបានល្អ។

បើអ្នកមិនទាន់ស្ថិតក្នុងចំណោមអ្នកម្តាយដែលកំពុងពពោះ ហើយប្រឈមហានិភ័យចំពោះសុខភាពទេនោះ ក៏គ្មានអ្វីគួរឲ្យបារម្ភពាក់ព័ន្ធរឿងការងារដែរ ហើយអ្នកនៅតែអាចបន្តធ្វើការរហូតដល់សប្តាហ៍ចុងក្រោយនៃការពពោះ។

២- តិចនិកញ៉ាំអាហារពេលពពោះ

អ្នកគួរតែញ៉ាំបន្លែ ឬផ្លែឈើមួយចាន ឬមួយផ្លែនៅចន្លោះពេលញ៉ាំអាហារធម្មតា ដូចជា៖

- ញ៉ាំផ្លែប៉ោម ចេក ក្រូច ឬសារីមួយផ្លែ គឺល្អចំពោះសុខភាព

- ញ៉ាំស្រ្តបឺរី រ៉េបបឺរី ឬទំពាំងបាយជូរ ត្រឹម ២ក្តាប់ដៃ ក៏ល្អដូចគ្នា

- អាចញ៉ាំផ្លែអាព្រីខត ៥ ស្លាបព្រាក៏បាន

- ឬក៏អាចញ៉ាំ ប្រូខូលី (ផ្កាខាត់ណាខៀវ) ស្ពៃពួយឡេង ឬ ផ្សិត ប្រមាណ ១២៥ក្រាម។  

 

៣- តិចនិកបង្កើនថាមពលពេលធ្វើការ?

 មិនថាអ្នកមានអាការៈចង្អោរ ឬធំអាហារប៉ុណ្ណាក៏ដោយ អ្នកត្រូវចេះបង្កើនថាមពល និងញ៉ាំអាហារបំប៉នឡើងវិញ ព្រោះថា អំឡុងពេលនេះ តម្រូវការថាមពលនៃរាងកាយរបស់អ្នកមានការកើនឡើង ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវញ៉ាំបរិមាណទ្វេរដងសម្រាប់មនុស្សពីរនាក់នោះទេ តែញ៉ាំអាហារប្រកបដោយគុណភាពដើម្បីសុខភាពល្អសម្រាប់មនុស្សពីរនាក់។ របបអាហារមានតុល្យភាពអំឡុងពេលពពោះ មិនមែនត្រឹមតែជាកត្តាសំខាន់ជួយឲ្យសុខភាពល្អនោះទេ ប៉ុន្តែក៏អាចជួយឲ្យអ្នកធ្វើការងារដោយសប្បាយចិត្តដូចគ្នា។ សូមញ៉ាំរបបអាហារដែលមានដូចជាផ្លែឈើស្រស់ បន្លែ ទឹកដោះ គ្រាប់ធញ្ញជាតិ សាច់សុទ្ធ ខ្លាញ់ត្រី ដូចជាត្រីសាល់ម៉ុន និងត្រីស្បៃកាជាដើម។

នៅពេលដែលអ្នកញ៉ាំអាហារមិនទៀងទាត់ ឬតិចតួចពេក នៅអំឡុង ៣-៥ ខែដំបូងនៃការពពោះ យើងសូមណែនាំវិធីសាស្រ្តដូចខាងក្រោម៖

- ត្រូវត្រៀមអាហារសម្រន់សម្រាប់សុខភាពនៅថតតុជាស្រេច

- គួរឆ្លៀតពេលញ៉ាំផ្លែឈើ ឬបន្លែនៅពេលឃ្លាន ឬអាចធ្វើនំសាំងវិចបន្លែត្រៀមក៏បាន។

- បើគ្មានពេលចេញទៅញ៉ាំបាយថ្ងៃត្រង់ អ្នកគួរតែរៀបចំអាហារឲ្យបានរួចជាស្រេច ទុកដាក់និងយកទៅកម្តៅឲ្យបានត្រឹមត្រូវ មុននឹងញ៉ាំ។

- កុំញ៉ាំកាហ្វេច្រើនពេក។

 

៤- តិចនិកកាត់បន្ថយអាការៈចាញ់កូន

អាការៈក្តួតចង្អោរពេលព្រឹក ដែលជាធម្មតាគេហៅថាចាញ់កូន គឺកើតឡើងស្ទើរតែគ្រប់អ្នកម្តាយពពោះទាំងអស់។ ទោះឈ្មោះវាចង្អោរពេលព្រឹក ប៉ុន្តែអ្នកនៅតែអាចប្រឈមស្ថានភាពនេះពេញមួយថ្ងៃដូចគ្នា។ បើយើងជាមនុស្សងាយក្អួត ឬគ្រាន់តែកណ្តាសក៏ក្អួតនោះ គួរមានថ្នាំ និងកន្សែងក្នុងកាបូបឲ្យជាប់។ អ្នកម្តាយជាច្រើន អាចដោះស្រាយអាការៈចាញ់កូន ដោយគ្រាន់តែញ៉ាំផ្លែចេក នំដុត គ្រាប់ធញ្ញជាតិ ខ្ញី ឬផ្លែឈើក្រៀម ព្រោះអាហារទាំងនេះ គឺអាចជួយកាត់បន្ថយអាស៊ីដក្នុងក្រពះអ្នកនៅពេលព្រឹកបាន។ អ្វីល្អបំផុត គឺពេលក្រោកពីគេង ត្រូវអង្គុយឲ្យបានមួយសន្ទុះមុននឹងក្រោកដើរចេញពីគ្រែ ហើយត្រូវញ៉ាំជាតិទឹកឲ្យបានច្រើន ដូចជាទឹកផ្លែឈើ តែបុរាណ ពិសេសទឹកសុទ្ធតែម្តង។  

៥- តិចនិកសម្រាប់ខ្លួនឯង និងគភ៌ នៅពេលធ្វើការក្នុងពេលកំពុងមានផ្ទៃពោះ

រាងកាយរបស់អ្នកពិតណាស់ នឹងដំណើរការ ២៤ ម៉ោងពេញ ហេតុនេះក៏គួរសម្រាកបន្តិចទៅ ហើយវាធម្មតាទេ បើអ្នកមិនអាចគ្រប់គ្រងការងារបានគ្រប់ជ្រុងជ្រោយនោះក្នុងអំឡុងពេលពពោះ។ ដូច្នេះ ត្រូវចេះធ្វើចិត្តឲ្យត្រជាក់ ទុកពេលឲ្យខ្លួនឯងសម្រាកខ្លះ ហើយត្រូវប្រាកដថាអ្នកញ៉ាំអាហារមានតុល្យភាពគ្រប់គ្រាន់។ បើការងារតម្រូវឲ្យ អង្គុយនៅមួយកន្លែងរយៈពេលយូរនោះ សូមរកពេលក្រោកឈរ ពត់ពែនខ្លួន ឬអាចដើរជុំវិញកន្លែងធ្វើការ អាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ សុខភាពល្អបាន។

ប្រើសម្លៀកបំពាក់រលុងៗ និងអង្គុយលើកៅអីធ្វើការដែលសក្តិសម គឺជារឿងចាំបាច់ដែលត្រូវធ្វើ។ បើអ្នកឈរ ឬអង្គុយយូរនោះ អ្នកគួរតែស្លៀកខោរឹបសាច់ទន់ គឺសក្តិសមបំផុត។ ទាំងនេះអាចជួយប្រឆាំងបញ្ហារីកសរសៃឈាមវ៉ែនអំឡុងពេលពពោះទៀតផង។ អ្វីដែលសំខាន់បំផុតនោះមិនត្រូវធ្វើឲ្យខ្លួនឯងស្ត្រេសនោះទេ គួរបន្ធូរអារម្មណ៍តាមរយៈ ការដើរយឺតៗក្រោយចេញពីធ្វើការ ឬអាចហាត់យូហ្គាក៏បាន។ ជារួម គ្រប់ប្រភេទកីឡាទាំងអស់សម្រាប់ស្រី្តៗពពោះគឺល្អសម្រាប់អ្នក ដោយអនុញ្ញាតឱ្យរាង្គកាយរបស់អ្នកមានភាពបត់បែន មានតុល្យភាពល្អប្រសើរជាងមុន និងមានសមត្ថភាពអាចប្រឈមការលំបាកបាន។ 

ការរៀបចំពេលសម្រាក និងលំហែកាយខ្លះ អាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាមួយការងារប្រចាំថ្ងៃក្នុងអំឡុងពេលពពោះ ហើយការអត់ធ្មត់របស់អ្នកនឹងត្រូវទទួលបានការសរសើរពីថ្នាក់លើទៀតផង។ អំឡុងពេលនេះ បើអ្នកធ្វើការឲ្យកាន់តែយូរ កៀកថ្ងៃសម្រាល គឺផ្តល់ភាពងាយស្រួលឲ្យអ្នក អាចឆាប់ត្រឡប់មកធ្វើការវិញបាន។

បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។ ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។ រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕

ប្រធានបទពាក់ព័ន្ធ

carelinepic_resized2

អ្នកប្រឹក្សាយោបល់ រង់ចាំស្តាប់ និងពិគ្រោះជាមួយអ្នក អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

អ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នករួមមានជាអ្នកម្តាយផ្ទាល់ អ្នកទទួលបានឯកទេសឆ្មប

កំណត់សម្គាល់សំខាន់៖

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ។ យោងតាមអនុក្រឹត្យ 133។

ការចិញ្ចឹមកូនដោយបំបៅដោះ គឺជាទម្រង់ដ៏ល្អបំផុតសម្រាប់ទារក ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅដល់ទារក និងមាតា។ នៅក្នុងពេលត្រៀមបំបៅដោះ និងអំឡុងពេលបំបៅដោះ វាគឺជាការសំខាន់ដែល គួរតែទទួលទាន នូវរបបអាហារដែលមានតុល្យភាព និងសុខភាពល្អ។ ការបំបៅដោះ និងប្រើទឹកដោះគោផងរួមគ្នា នៅសប្តាហ៍ ដំបូងនៃជីវិត អាចកាត់បន្ថយការផ្គត់ផ្គង់នៃទឹកដោះ ហើយនឹងធ្វើឲ្យការបំបៅទឹកដោះមានភាព លំបាក។ ជានិច្ចកាល ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញថែទាំសុខភាពដើម្បីសុំដំបូន្មានអំពីការចិញ្ចឹមកូនរបស់អ្នក។ បើសិនអ្នកប្រើទឹកដោះគោម្សៅផ្សំតាមរូបមន្ត អ្នកគួរធ្វើតាមការណែនាំរបស់រោងចក្រផលិត ដើម្បីប្រើប្រាស់ឲ្យបានប្រុងប្រយ័ត្ន។

x